Peer-to-peer

យើងបានដឹងហើយអំពីការប្រតិបត្ដិរបស់បណ្ដាញ។ ថ្ងៃនេះ ខ្ញុំនឹងធ្វើការបកស្រាយអំពីប្រភេទបណ្ដាញមួយដែលមានឈ្មោះថា peer to peer​។

តើអ្វីទៅជា Peer-to-peer ?

Peer to Peer គឺជាប្រភេទបណ្ដាញមួយ​ដែល​ មិនចាំបាច់មានស្ថានីយ៏ (server) សំខាន់ៗនោះទេ។ ក្នុងបណ្ដាញប្រភេទនេះ ឧបករណ៏និមួយៗមានលទ្ធភាពទទួលខុសត្រូវរៀងៗខ្លួន។ ពួកគេមានសិទ្ធក្នុងការរក្សាឯកសាររបស់ខ្លួន និងអាចសំរេចចិត្តបានថា ថាតើឯកសារណាដែលត្រូវចែករំលែក។​ អាស្រ័យដោយកត្តាទាំងអស់នេះ បណ្ដាញប្រភេទនេះមិនមានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយ។ ពួកគេមានសិទ្ធក្នុងការសំរេចរៀងៗខ្លួន។

គុណសម្បត្តិនៃPeer-to-peer

  • ងាយស្រួលក្នុងការដំឡើង
  • អស់ការចំនាយតិចទៅលើ ឧបករណ៏ភ្ជាប់បណ្ដាញ និងស្ថានីយ៏នានា ( server )
  • អាចប្រើប្រាស់សាមញ្ញដូចជាការចែករំលែក​ឯកសារ ឬម៉ាស៊ីនព្រីនជាដើម។
  • ប្រតិបត្តិយ៉ាងល្អនៅក្នុងបណ្ដាញណាដែលមានកុំព្យូទ័រតិច។
  • អ្នកប្រើប្រាស់ទាំងអស់មិនចាំមានអស់ថវិការក្នុងការជួលអ្នកគ្រប់គ្រងសំរាប់មកអភិរក្ស។

គុណវិបត្តិនៃ Peer-to-peer

ក្នុងនោះ បណ្ដាញនេះក៏បានផ្ដល់នូវគុណវិបត្តិផ្សេងៗ។

តើអ្វីទៅជាគុណវិបត្តិរបស់ Peer-to-peer ?

  • គ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលអោយពិបាកក្នុងការត្រួតពិនិត្យរាល់ទិន្នន័យនៅលើមាស៊ីន
  • មានដំនើរការយឺត
  • គ្មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការការពារកុំព្យូទ័រនិមួយៗ។ កុំព្យួទ័រទាំងអស់នៅលើបណ្ដាញ ចាំបាច់ត្រូវការសុវត្ថិភាពក្នុងការការពារឯកសារផ្សេងៗ។
  • បណ្ដាញនឹងរញ៉េរញ៉ៃ និងពិបាកក្នុងការគ្រប់គ្រង ប្រសិនបើចំនួនកុំព្យួទ័រកើនឡើងច្រើន។

នេះជាវិធីដ៏សាមញ្ញក្នុងការតំលើង Peer-to-peer

ប្រភេទនៃបណ្ដាញ Network

យើងបានដឹងរួចហើយ នូវនិយមន័យ និងការដំនើរការរបស់បណ្ដាញ។ ថ្ងៃនេះ

អ្នកនឹងបានយល់ច្បាស់ អំពីប្រភេទផ្សេងៗនៃបណ្ដាញទាំងនោះ។

តើបណ្ដាញត្រូវគេចែកចេញជាប៉ុន្មានប្រភេទ?

LAN ( Local Area Network )

LAN គីជាបណ្ដាញនៃការតភ្ជាប់រវាងឧបករណ៏ផ្សេងៗ ដែលនៅក្រោមការគ្រប់គ្រងរបស់អភិបាលតែមួយ គឺក្នុងកន្លែងតែមួយ។ ថ្វីត្បិតតែគេច្រើនគិតថា LANs មានលក្ខណៈតូច ដែលត្រូវបានគេដំឡើងនៅតាម ផ្ទះ ឬតាមក្រុមហ៊ុនតូចៗ ក៏ប៉ុន្ដែ​LAN អាចមានលក្ខណៈទ្រង់ទ្រាយធំ ដែលអាចមានទោះដល់ ការតភ្ជាប់គ្នារវាង ឧបករណ៏រាប់រយគ្រឿងឯណោះ។

យ៉ាងណាមិញ រឿងសំខាន់ដែលត្រូវចាំនោះគឺ LAN​ ជាបណ្ដាញដែលស្ថិតនៅក្នុងកន្លែងតែមួយ ឬជិតគ្នា។

២​ WAN​ ( Wide Area Network )

WAN គឺជាបណ្ដាញដែលផ្គុំដោយ LANs ពីកន្លែងផ្សេងគ្នា ចាប់ពី ២ ឡើងទៅ។ ឧទាហរណ៏ដ៏ល្អបំផុតសំរាប់អោយលោកអ្នកស្គាល់ WANs នោះគឺ អ៊ីនធឺណេត ( Internet )។ អ៊ីនធឺណេត គឺជាបណ្ដុំនៃ LANs​ យ៉ាងច្រើន។​

WLAN​ ( Wireless Local Area Network )

បើយើងក្រលេកមកមើល WLAN វិញ វាមានការស្រដៀងគ្នាទៅនឹង LAN​ ដែរ។ លក្ខណៈដែលធ្វើអោយ WLAN និងLAN មានការខុសគ្នា គឺថា LAN ប្រើប្រាស់ខ្សែសំរាប់ភ្ជាប់ពីឧបករណ៏មួយទៅមួយ។ ចំនែកឯ WLAN ត្រូវបានភ្ជាប់ដោយប្រពន្ធ័អត់ខ្សែរ។​

អត្ថន័យនៃ​ IP Address

IP address គឺជាលេខមួយដែលត្រូវបានគេប្រើសំរាប់កំនត់សំគាល់ ម៉ាស៊ីនមួយនៅលើបណ្ដាញ។ ម៉ាស៊ីននីមួយៗ នៅលើបណ្ដាញ ត្រូវតែមាន IP address សំរាប់ធ្វើការទំនាក់ទំនងជាមួយនឹងម៉ាស៊ីនដទៃទៀត នៅលើបណ្ដាញ។ ដូចដែលខ្ញុំបានលើកឡើងមកនិយាយកាលពីអត្ថបទមុននោះ  hostគឺជា ឧបករណ៏ដែលបញ្ជូន និងទទួលទិន្នន័យនៅលើបណ្ដាញមួយ។ នៅក្នុងLAN   hostនីមួយៗចាំបាច់ត្រូវតែមានIP address សំរាប់ធ្វើការទំនាក់ទំនងគ្នា។

បើយើងនិយាយអោយងាយស្ដាប់ទៅ IP address ប្រៀបបានទៅនឹង អាសយដ្ឋានរបស់យើង  ពីព្រោះវាបានកំនត់នូវ ទីតាំងដែលម៉ាស៊ីនតាំងនៅ។ IP addressទាំងអស់ត្រូវបានកំនត់ដោយអ្នកគ្រប់គ្រង ឬក៏អាចកំនត់ដោយServerមួយក៏បាន។

IP address គឺជាបណ្ដំនៃប្រពន្ធ័ binary ដែលមានចំនួន 32 bits។ សំរាប់ការប្រើប្រពន្ធ័binaryនេះ គឺជាការលំបាកណាស់សំរាប់យើង ក្នុងការមើលវា។ អាស្រ័យហេតុហើយ ទើបបានជាគេបានបែងចែកវាអោយទៅជា ៤ ផ្នែក។ ផ្នែកនីមួយៗត្រូវបានគេហៅថា octets មានរួមមានចំនួន 8 bits។ ទោះបីជាមានការបែងចែកទៅតាមក្រុមក៏ដោយ ក៏នៅតែមានការលំបាកដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់។ ជាកំនែចុងក្រោយ អ្នកជំនាញក៏បានបំលែងពី ប្រពន្ធ័គោលពីរ ទៅកាន់ប្រពន្ធ័គោល១០ ដែលធ្វើអោយមនុស្សងាយស្រួលប្រើប្រាស់។

ឧទាសរណ៍ ៖ ប្រសិនបើយើងបញ្ជូល IP address “192.168.1.5” វាប្រៀបដូចជាយើងបានបញ្ជូល “11000000101010000000000100000101” អញ្ចឹង។

បើយើងក្រលេកមើលទៅកាន់IP address អោយច្បាស់ យើងឃើញថា វាត្រូវបានគេបែងចែកជាពីរផ្នែក។ ផ្នែកទីមួយ (Network Portion) គឺប្រើសំរាប់សំគាល់បណ្ដាញដែលវាភ្ជាប់ទៅកាន់។ IP addressទាំងអស់របស់ម៉ាស៊ីននីមួយៗ នៅក្នុងបណ្ដាញមួយ ត្រូវតែមាន Network portion ដូចគ្នាដើម្បីធ្វើការទំនាក់ទំនងគ្នា។ ចំនែកឯផ្នែកទី២វិញ (Host Portion) គឺប្រើសំរាប់សម្គាល់ម៉ាស៊ីននីមួយៗលើបណ្ដាញមួយ។   ឧទាហរណ៍ ៖  Network Portion ប្រៀបបានដូចជា ថ្នាក់រៀនមួយ ដែលក្នុងថ្នាក់រៀននោះ មាន Host Portion ជាច្រើន អាចទំនាក់ទំនងគ្នាបាន។

Network Portion និង Host Portion ត្រូវបានបែងចែក ដោយ Subnet Mask។